លំនាំប្រព្រឹត្តជាប្រក្រតី ឬសំណាមវាសនា ដែលធ្លាប់សន្សំអប់រំទុកមកពីអតីតជាតិ ហើយមកផុសផុលឡើងក្នុងសន្តានដោយច្រើន ក្នុងបច្ចុប្បន្នជាតិនេះហៅថា “ចរិត” ចែកដោយសង្ខេបមាន ៦យ៉ាង គឺ
១. រាគចរិត
លំនាំរាគៈ គឺច្រើនដោយសេចក្តីតម្រេក។ បុគ្គលដែលជារាគចរិត ដំណើរដើរជាប្រក្រតី ទ្រង់រំពាស់ ញ៉េងញ៉ង លើកដាក់ជើងស្មើ ទ្រង់ថ្នមៗ ផ្ទៃបាតជើងផត ដានជើងកំពង់កណ្តាល ជំហរ និងអង្គុយទ្រង់សុភាពរម្យទមគួរឲ្យជ្រះថ្លា តាក់តែងទីដំណេកស្មើៗ មិនរណូងរណាង ប្រមូលអវយវតូចធំ ឲ្យមូលគ្នាទើបប្រាសខ្លួនដេក ពេលក្រោកក៏សន្សឹមៗ និយាយពាក្យទ្រង់ស្រទន់ ធ្វើការងារច្រើនស្អាត ស្លៀកពាក់ច្រើនបរិមណ្ឌល ទំពារម៉ត់ទើបលេប បានអ្វីបន្តិចបន្តួច ឆាប់ត្រេកអរ ឃើញរូបល្អ ឮសំឡេងពីរោះជាដើម ឆាប់ជាប់ចិត្ត ខំសម្លក់ ឬផ្ទៀងស្តាប់អស់កាលយូរ ផ្គាប់ផ្គន់បន្តិចបន្តួចឆាប់គាប់ចិត្ត មិនសូវប្រកាន់ទោសគេ ចេញដើរទៅណាច្រើនអាល័យទីកន្លែង មានធម៌ប្រព្រឹត្តនៅក្នុងសន្តាន ច្រើនបិទបាំងទោសខ្លួន ច្រើនអំនួត ច្រើនប្រកាន់ខ្លួន ច្រើនប្រាថ្នាលាមក ច្រើនប្រាថ្នាធំ មិនសន្តោស ច្រើនក្រអឺតក្រទម ឆ្មើងឆ្មៃ។ បុគ្គលដែលជារាគចរិត គួរចម្រើនកម្មដ្ឋាន ១១ គឺ អសុភ ១០ កាយគតាសតិ ១។
២. ទោសចរិត
លំនាំទោសៈ គឺច្រើនដោយសេចក្តីប្រទូស្ត។ បុគ្គលដែលជាទោសចរិត ដើរដំណើរទ្រង់កាយដីដោយចុងម្រាម លើកដាក់ជើងរហ័ស និយាយសំដីដូចជាខឹង ធ្វើការងារដៃធ្ងន់មិនស្អាត ស្លៀកដណ្តប់ច្រើនរិតណែន មិនបរិមណ្ឌល ច្រើនពេញចិត្តបរិភោគភោជនដែលសៅហ្មង និងម្ជូរ បរិភោគធ្វើឲ្យទូញថ្ពាល់ ឆាប់លេប មិនសូវទំពារឲ្យម៉ត់ បានអ្វីមិនល្អឆាប់តូចចិត្ត ឃើញរូប ឬស្តាប់សំឡេងមិនជាទីតម្រេក ចិត្តទ្រង់ដូចជាលំបាកណាស់ សំឡេង ឬស្តាប់មិនបានយូរ ឆាប់ប្រកាន់ទោសគេ ផ្គាប់ផ្គន់មិនសូវគាប់ចិត្ត ចេញដើរទៅទីណា មិនមានអាល័យទីកន្លែង មានធម៌ប្រព្រឹត្តទៅក្នុងសន្តានច្រើនក្រោធ ច្រើនសន្សំរឿងទុក ច្រើនបំភ្លេចគុណគេ ច្រើនលើកខ្លួនផ្ទឹមស្មើនឹងលោកអ្នកធំ ច្រើនច្រណែន ច្រើនកំណាញ់។ បុគ្គលដែលជាទោសចរិត សមគួរដល់ការចម្រើនកម្មដ្ឋាន ៨គឺ ព្រហ្មវិហារ ៤ វណ្ណកសិណ ៤ (គឺ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ)។
៣. មោហចរិត
លំនាំមោហៈ គឺច្រើនដោយសេចក្តីវង្វេង។ បុគ្គលដែលជាមោហចរិត ដើរដំណើរទ្រង់រឡេមរឡាម លើកដាក់ជើងទ្រង់ដូចជាភ័យ ដានជើងធ្ងន់ខាងក្រោយ ជំហរ និងអង្គុយមានអាការទ្រង់វឹកវរខ្ជីរខ្ជារ រៀបចំទីដំណេកមានសណ្ឋានមិនល្អ ប្រាសខ្លួនដេកច្រើនច្រងេងច្រងាង ច្រើនដេកផ្កាប់មុខ គេដាស់ច្រើនថ្ងូរហុ៎ះៗ ក្រោកយឺត ធ្វើការងារចាប់កាន់ធូរៗ គ្រវីសគ្រវាស លំៗ ច្បោលៗ ស្លៀកដណ្តប់ទ្រង់រយីករយាក ខ្ជីរខ្ជារតាមបាន ពេញចិត្តបរិភោគមិនទៀង ម្តងនេះ ម្តងនោះ បរិភោគធ្វើពំនូតបាយតូចៗ ចោលគ្រាប់បាយរោយរាយក្នុងភាជន៍ ច្រើនបរិភោគឲ្យប្រឡាក់មាត់ ច្រើនបរិភោគមានចិត្តរាយមាយ គិតពីនេះពីនោះបណ្តើរ ឃើញរូប ឬស្តាប់សំឡេងជាដើម ច្រើនបណ្តោយតាមគេ បើគេនិន្ទា ក៏និន្ទាតាម បើគេសរសើរ ក៏សរសើរតាម បើម្នាក់ឯងច្រើនព្រងើយៗ មានធម៌ប្រព្រឹត្តក្នុងសន្តានច្រើនធុញទ្រាន់ ងងុយដេក មានចិត្តអណ្តែតអណ្តូង ច្រើនក្តៅក្រហាយស្តាយក្រោយ ច្រើនសង្ស័យ ប្រកាន់ត្រង់ណាមាំត្រង់ណោះ លះបង់បានក្រ។
៤. វិតក្កចរិត
លំនាំវិតក្កៈ គឺច្រើនដោយសេចក្តីត្រិះរិះ។ បុគ្គលដែលជាវិតក្កចរិត ឥរិយាបថស្នាដៃធ្វើការងារ កិរិយាបរិភោគភោជន កិរិយាក្រឡេកមើលរូបជាដើម មានទំនងប្រហែលៗគ្នានឹងមោហចរិត តែបើទុកណាជាយ៉ាងនោះ ក៏គង់មានលំនាំផ្សេងគ្នាខ្លះ។ មោហតាំងនៅមិននឹងនរ ដោយវង្វេងភាន់ តែងឃ្លេងឃ្លោង ឬឆ្លេឆ្លា ដោយគំនិតរហ័ស។ បុគ្គលដែលជាវិតក្កចរិត មានធម៌ដែលប្រព្រឹត្តនៅក្នុងសន្តាន ច្រើនពោលតិរច្ឆានកថា លេងសើចច្រើន ត្រេកអរក្នុងពួក មិនសូវត្រេកអរក្នុងការកសាងកុសល ច្រើនកាន់ការមិនចំពោះ ពេលយប់បែកគំនិតហុយដូចផ្សែង ពេលថ្ងៃចាត់ការក្តៅក្រហាយដូចភ្លើងឆេះ គំនិតច្រើនរើរុះ ឆ្លេឆ្លានេះបន្តិចនោះបន្តិច។
៥. សទ្ធាចរិត
លំនាំសទ្ធា គឺច្រើនដោយសេចក្តីជឿ។ បុគ្គលដែលជាសទ្ធាចរិត ឥរិយាបថស្នាដៃធ្វើការងារ កិរិយាបរិភោគភោជន កិរិយាក្រឡេកមើលរូបជាដើម មានទំនងប្រហែលៗគ្នានឹងរាគចរិត តែបើទុកណាជាយ៉ាងនោះ ក៏គង់មានលំនាំផ្សេងគ្នាខ្លះ។ រាគចរិត តែងស្វែងរកវត្ថុកាម មិនលះបង់អំពើឥតប្រយោជន៍ ឯសទ្ធាចរិត តែងស្វែងរកសិលាទិគុណ មិនលះបង់អំពើដែលមានប្រយោជន៍។ បុគ្គលដែលជាសទ្ធាចរិត មានធម៌ប្រព្រឹត្តនៅក្នុងសន្តាន ច្រើនលះបង់ បរិច្ចាគទាន ច្រើនប្រាថ្នាចង់ឃើញព្រះអរិយៈ ចង់ស្តាប់ព្រះសទ្ធម្ម ច្រើនដោយសេចក្តីអំណររីករាយ មិនអួតអាងខ្លួន មិនបិទបាំងទោសខ្លួន ជ្រះថ្លាក្នុងហេតុដែលគួរជ្រះថ្លា។ បុគ្គលដែលជាសទ្ធាចរិត សមគួរចម្រើនអនុស្សតិ៦ ខាងដើម ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ។
៦. ពុទ្ធិចរិត
លំនាំប្រាជ្ញា គឺច្រើនដោយសេចក្តីចេះដឹង។ បុគ្គលដែលជាពុទ្ធិចរិត ឥរិយាបថស្នាដៃធ្វើការងារ កិរិយាបរិភោគភោជន កិរិយាក្រឡេកមើលរូបជាដើម មានទំនងប្រហែលៗគ្នានឹងទោសចរិត តែបើទុកណាជាយ៉ាងនោះ ក៏គង់មានលំនាំផ្សេងគ្នាខ្លះ។ ទោសក្នុងពួកខាងអកុសល មិនមានស្នេហាជាប់នៅក្នុងអារម្មណ៍ តែងស្វែងរកទោសដែលមិនពិត ប្រព្រឹត្តទៅដើម្បីវៀរបង់នូវសត្វ ឯពុទ្ធិ គឺបញ្ញាក្នុងពួកខាងកុសល មិនមានស្នេហាជាប់នៅក្នុងអារម្មណ៍ តែងស្វែងរកទោសដែលពិត ប្រព្រឹត្តទៅដើម្បីវៀរបង់នូវសង្ខារ។ បុគ្គលដែលជាពុទ្ធិចរិត មានធម៌ប្រព្រឹត្តនៅក្នុងសន្តាន ជាអ្នកប្រដៅងាយ សេពគប់តែកល្យាណមិត្ត ដឹងប្រមាណក្នុងភោជន មានសតិសម្បជញ្ញៈ ជាអ្នកភ្ញាក់រលឹក តែងសង្វេគក្នុងហេតុដែលគួរសង្វេគ ច្រើនតាំងទុកនូវព្យាយាមដោយឧបាយប្រាជ្ញា។ បុគ្គលជាពុទ្ធិចរិត សមគួរចម្រើនកម្មដ្ឋាន ៤ គឺ មរណានុស្សតិ ឧបសមានុស្សតិ ចតុធាតុវវដ្ឋាន អាហារេបដិកូលសញ្ញា។